Wednesday, November 25, 2009

សុជីវធម៌

សុជីវធម៌មានតួនាទីសំខាន់ណាស់ ក្នុងការធ្វើអោយសង្គមមានភាពសុខសាន្ត និងសុភមង្គល។
ទាំងក្មេង ទាំងចាស់ ត្រូវស្វែងយល់ និង ប្រតិបត្តិក្បួនសុជីវធម៌អោយបានខ្ជាប់ខ្ជួនដើម្បីប្រែក្លាយខ្លួន
ជាពលរដ្ឋល្អ លើកកិតិ្តយសខ្លួន គ្រួសារ និងសង្គមជាតិ ដូចសុភាសិតមួយពោលថា "សំដីសជាតិ មារយាទសពូជ"


ពេលនេះកុមារអង្គរសូមទាញអារម្មណ៍របស់មិត្តភ័ក្រ្តទាំងអស់មកចាប់អារម្មណ៍អំពីសុជីវធម៌របស់ពលរដ្ឋខ្មែរជាទូទៅត្រូវប្រព្រឹត្ត។ កុមារអង្គរបានអានសៀវភៅសិក្សាសង្គមខ្លះៗដែលបោះពុម្ពដោយក្រសួងអប់រំខ្មែរ ហើយកុមារអង្គរគិតថានឹងលើកយកមក ជម្រាបជូនខ្លះៗ ព្រោះគិតថាវាមាន​សារៈប្រយោជន៍ណាស់សម្រាប់មិត្តទាំងអស់គ្នាយកទៅស្វែងយល់ពិចារណា ដែលមាន​ដូចខាងក្រោម៖

១. នៅទីសាធារណៈ
យើងគ្រប់ៗគ្នាទាំងក្មេង ទាំងចាស់ ត្រូវចេះសំរបឥរិយាបទអោយបានសមរម្យ តាមទីកន្លែង ពេលវាលា ជួយថែរក្សារការពារ ដោយស្មារតីភ្ញាក់រលឹក និងគោរពប្រតិបត្តិតាមបំរាមជានិច្ច។

២. នៅតាមជណ្តើរ
ក្នុងការឡើងចុះតាមជណ្តើរត្រូវប្រុងប្រយ័ត្ន កុំរុញច្រាន រឺប្រជ្រៀតអ្នកដទៃ ដើម្បីខ្លួនបានទៅមុនគេ។ ជាការគួរពេលចុះ រឺ ឡើងជួបគ្នា ទោះស្គាល់ រឺមិនស្គាល់គ្នាក្តី គប្បីញញឹមងក់ក្បាលដាក់គ្នា សំដែងការគួរសម។

៣. នៅតាមរោងមហោស្រព
ការអញ្ជីញទៅទស្សនា តាមម៉ោងកំនត់ ការរក្សាភាពស្ងៀមស្ងាត់ ការអង្គុយសមរម្យ ការមិនជក់បារី ការទះដៃតាមបែបបទនៃខ្លឹមសាររឿង គឺជាសុជីវធម៌របសើទស្សនិកជន។ ទស្សនិកជនត្រូវយល់ច្បាស់ថា សិល្បករជាពលរដ្ឋថ្លៃថ្នូរ ជាវិស្វករនៃមនោសញ្ចេតនា និងជាតំនាងសិល្បៈវប្បធម៌ជាតិ។ យើងគ្រប់គ្នាមិនត្រូវទំលាប់ហៅ សិល្បះករថា "អា មឹង" ឡើយ។

៤.ក្នុងវត្តអារាម
វត្តអារាមជាកន្លែងគោរព សង្រួមកាយវិចាចិត្តនៃពុទ្ធសាសនិក។ វត្តនៃសាសនាដទៃក៏ជាទីសក្ការៈនៃសាសនិករបស់គេ ដែរ។ ចំពោះវត្តនៃព្រះពុទ្ធសាសនាយើងមិនត្រូវ ជិះកង់ ម៉ូតូ ពាក់មួក បេះបោចផ្កា ផ្លែឈើ បាញ់សត្វ ចាប់ត្រី ផឹកស្រា លួចទ្រព្យសម្បតិ្តផ្សេងៗ នៅទីវត្តនោះទេ ព្រោះជាអំពើបាប។ យើងគ្រប់គ្នា គប្បីខិតខំប្រព្រឹត្តអំពើជាកុសលគ្រប់ពេលវេលា។

៥. ក្នុងរថឈ្នួល
រថឈ្នួលមានបីប្រភេទ គឺរថតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ ពេលធ្វើដំនើរតាមរថឈ្នួល យើងត្រូវចេះគោរពសិទិ្ធ អ្នកដទៃ ហើយប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ។ ជាការល្អ មិនត្រូវជក់បារី ជជែកគ្នាខ្លាំងៗ រឺខាកស្តោះ ញើសសំបោរ ចោលសំបកនំចំនីតាមបង្អួចឡាន ព្រោះវាអាចប៉ះពាល់ដល់អ្នកដំនើរផ្សេងទៀត។ បើមានចាស់ជរា ស្រ្តីមានផ្ទៃពោះ ជនពិការ ស្រ្តីភេទ យើងគ្បីផ្ទេរ រឺជួយសំរួលកន្លែងអង្គុយជូនអ្នកទាំងនោះតាមភាពជាក់ស្តែង ប្រកបដោយទឹកមុខញញឹម។

៦. ការខាកស្តោះ និងកណ្តាស់
ការខាកស្តោះ និងកណ្តាស់ ជាបទរំខានអ្នកដទៃ ហើយធ្វើអោយគេខ្ពើមរអើមផង។ ពេលពិសារអាហារទោះក្នុងគ្រួសារក្តី ក្នុងភោជនីយដ្ឋានក្តី គប្បីកុំខាកស្តោះចំពោះមុខគេឯង។ បើត្រូវការខាកស្តោះ រឺកណ្តាស់ត្រូវវេញទៅបន្ទប់អនាម័យ រឺទីឆ្ងាយពីគេឯង។ ការខាកស្តោះ កណ្តាស់ ឥតសណ្តាប់ធ្នាប់ជាកំហុសមួយយ៉ាងធំផ្ទយនឹងសុជីវធម៌។

No comments:

Post a Comment